​​អ្នក​និពន្ធ​អាមេរិក​លោក​ Jim Rohn៖​​«​ការ​អប់រំ​​ផ្លូវការ​ ​អាច​ធ្វើ​ឲ្យ​អ្នក​រស់​បាន​ តែ​ការ​អប់រំ​ខ្លួន​ឯង​ ​នឹង​ធ្វើ​ឲ្យ​រឿង​អស្ចារ្យ​កើត​ឡើង​ក្នុង​ជីវិត​»

ផ្សាយចេញ ៖

​«​ការ​អប់រំ​​ផ្លូវការ​ ​អាច​ធ្វើ​ឲ្យ​អ្នក​រស់​បាន​ តែ​ការ​អប់រំ​ខ្លួន​ឯង​ ​នឹង​ធ្វើ​ឲ្យ​រឿង​អស្ចារ្យ​កើត​ឡើង​ក្នុង​ជីវិត​»។ នេះ​ជា​សម្ដី​របស់​លោក​ Jim Rohn ​អ្នក​និពន្ធ​របស់​អាមេរិក​ដ៏​ល្បី​មួយ​រូ​ប ដែល​ក្នុង​ន័យ​នេះ​លោក​ចង់​សង្កត់​ធ្ងន់​ថា ​ការ​អប់រំ​ខ្លួន​ឯង​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​​ ​ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​បំផុត​។


​​មាន​ឱកាស​​បាន​ចូល​សិក្សា​ក្នុង​ប្រព័ន្ធ​អប់រំ​ផ្លូវ​ការ ​គឺ​ពិត​ជា​​​ល្អ​ ​ ដើម្បី​​ពង្រឹង​ចំណេះដឹង​​​​ឲ្យ​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​​នៅ​ឡើយ​ប្រសិនបើ​​បុគ្គល​នោះ ខ្វះ​ស្វ័យ​សិក្សា​ និង ​ការ​អប់រំ​ខ្លួន​ឯង​ ឬ ​ព្យាយាម​ដុសខាត់​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍​ខ្លាំង​ ឬ លេចធ្លោ​ខ្លាំង​នៅ​ក្នុង​ពិភព​ដ៏​សែន​ប្រកួត​ប្រជែង​នេះ​។


​ក្នុង​មួយ​ឆ្នាំ​ៗ​​​ មាន​សិស្ស​ច្រើន​ណាស់​ដែល​បញ្ចប់​ការ​សិក្សា​ ​ប៉ុន្តែ​​​ក្នុង​ចំណោម​នោះ ​មាន​មួយ​ចំនួន​ទទួល​បាន​​ការងារ​ល្អ​ៗ​ និង អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​រហ័ស​ ឈាន​ទៅ​រក​ភាព​ជោគជ័យ​ធំធេង​ ​ខណៈ​មាន​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ភាគច្រើន​ នោះ បាន​ត្រឹម​មាន​ការ​ងារ​ធម្មតា ឬ​​ អ្នក​ខ្លះ​រក​ការងារ​មិន​បាន​ធ្វើ​ផង​។ ​​


​អ្នក​ដែល​​ក្លាយ​ជា​មនុស្ស​លេច​ធ្លោ​យ៉ាង​ឆាប់រហ័ស​នោះ ដោយសារតែ​ពួក​គេ​​មិន​ពឹង​លើ​​ប្រព័ន្ធ​អប់រំ​ផ្លូវការ​តែ​ម្យ៉ាង​ ( មាន​ន័យ​​ថា មិន​មែន​ចូលរៀន​ឲ្យ​តែ​ចប់​កម្រិត​សិក្សា​តែ​ម្យ៉ាង​) ពោល​គឺ​ព្យាយាម​ស្វ័យ​សិក្សា​ និង​អប់រំ​ខ្លួន​ឯង​យ៉ាង​អស់ពី​លទ្ធភាព​ទើប​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ។ ​សម្រាប់​អ្នក​ដែល​បាន​ត្រឹម​ជីវិត​ធម្មតា​ ឬ ដូច​គេ​ដូច​ឯង​នោះ គឺ​មក​ពី​ខ្វះ​ការ​អប់រំ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​​ពី​មុន​មក​។ អ៊ីចឹង​ហើយ​ ខ្លួន​​អ្នក​​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ជួយ​អ្នក​ ក្រៅ​ពី​អ្នក​នោះ​ឡើយ​៕


​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared