​​​​អ្នក​រៀន​​មាន​៣​ប្រភេទ​ តើ​អ្នក​ស្ថិត​នៅ​ក្នុង​ប្រភេទ​មួយ​ណា​?

ផ្សាយចេញ ៖

ខួរក្បាល​របស់​មនុស្ស​ម្នាក់ៗ​ធ្វើការ​តាម​របៀប​ខុសៗ​ពី​គ្នា។ ធម្មជាតិ​ប្រទាន​នូវ​របស់​ដ៏​មាន​តម្លៃ​ជា​ខួរក្បាល​ទៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មែន ហើយ​អ្នក​និង​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​បន្ទប់​សិក្សា​ជាមួយ​គ្នា​កំពុង​ស្រូប​យក​ចំណេះដឹង​ពី​គ្រូបង្រៀន​តែ​មួយ​មែន ប៉ុន្តែ​វា​មិន​បាន​ន័យ​ថា​កម្រិត​នៃ​ការ​ទទួល​យល់​ដឹង​របស់​អ្នក​និង​អ្នក​ផ្សេង​ទៀត មាន​លទ្ធផល​ដូចៗ​គ្នា​នោះ​ឡើយ។ ខួរក្បាល​របស់​មនុស្ស​ធ្វើការ​តាម​របៀប​ខុស​គ្នា ឯ​ដំណើរការណ៍​នៃ​ការ​ទទួល​យក​ចំណេះដឹង​ក៏​ប្រព្រឹត្ត​ទៅ​ខុស​ពី​គ្នា​ដែរ។


ហេតុនេះ ជា​ការ​ចាំបាច់​បំផុត ប្រសិន​បើ​អ្នក​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​ថា តើ​តាម​របៀប​បែប​ណា​ទើប​ខួរក្បាល​របស់​អ្នក​ឆាប់​ចាប់​យក​បាន​ចំណេះដឹង និង​សន្សំ​ទុក​វា​បាន​យូរ នោះ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន​មហាសាល​ពី​ចំណេះដឹង​រៀន​សូត្រ​មក​ទាំង​ប៉ុន្មាន​ជាក់​ជាមិនខាន។ ក្នុង​ចំណោម​ប្រភេទ​អ្នក​សិក្សា​ទាំង៣​ខាងក្រោម​នេះ ចូរ​ធ្វើការ​ស្វែងយល់​ថា​តើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មួយ​ណា ?


១) អ្នក​សិក្សា​តាម​បែប​ចក្ខុវិញ្ញាណ៖ អ្នក​សិក្សា​តាម​បែប​ចក្ខុវិញ្ញាណ​តែង​ស្រូប​ទាញ​នូវ​ចំណេះដឹង​ផ្ទុក​ក្នុង​ខួរក្បាល​របស់​ខ្លួន​បាន​ល្អ​បំផុត តាមរយៈ​សកម្មភាព​អាន​ដែល​ពឹងផ្អែក​ជា​ចម្បង​នូវ​ចក្ខុវិញ្ញាណ ឬ​ភ្នែក ហើយ​វា​បែងចែក​ជា​ពីរ​ប្រភេទ​ទៀត។ ដើម្បី​ឲ្យ​ងាយស្រួល​យល់ ឧទាហរណ៍​ថា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​កំពុង​ស្វែងរក​ទិសដៅ​ទៅ​កន្លែង​គោលដៅ​ណាមួយ បើ​អ្នក​ឆាប់​យល់​បាន​ដោយ​ការ​ផ្ដល់​ព័ត៌មាន​ពី​ទិសដៅ​តាមរយៈ​ការ​ណែនាំ​ជា​អក្សរ​ថា​ត្រូវ​បត់​ឆ្វេង រួច​បត់ស្ដាំ។ល។ នោះ​អ្នក​នឹង​ស្ថិត​ក្នុង​ប្រភេទ​ជា​អ្នក​សិក្សា​តាម​បែប​ចក្ខុវិញ្ញាណ​ដោយ​ប្រើ​ភាសា។ បើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​នេះ អ្នក​គួរ​មាន​ទម្លាប់​ក្នុង​ការ​រៀន​សូត្រ​ដោយ​ប្រមែប្រមូល​ឯកសារ​ជា​អក្សរ​សម្រាប់​អាន និង​កត់ត្រា​ទុក​នូវ​រាល់​ចំណុច​សំខាន់​ពេល​គ្រូ​ពន្យល់។


ផ្ទុយទៅវិញ បើ​អ្នក​ឆាប់​យល់​បាន​ដោយ​ការ​ផ្ដល់​ព័ត៌មាន​ពី​ទិសដៅ​តាមរយៈ​ផែនទី ឬ​ជា​រូបភាព​បង្ហាញ​ផ្សេងៗ នោះ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ជា​អ្នក​សិក្សា​តាម​បែប​ចក្ខុវិញ្ញាណ​ដោយ​ប្រើ​រូបភាព​ហើយ។ បើ​អ្នក​ចង់​ឆាប់​ស្រូប​ទាញ​បាន​នូវ​ចំណេះដឹង​ទាំងឡាយ អ្នក​គួរ​ងាក​មក​សិក្សា​លើ​ក្រាហ្វិក ក្រាប រូបភាព ឬ​តារាង រួម​ទាំង​ការ​នឹក​ស្រមៃ​ពី​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​ស្ថានភាព​ជាក់ស្ដែង​ក៏​ជួយ​ដល់​អ្នក​ផង​ដែរ។


២) អ្នក​សិក្សា​តាម​បែប​សោតវិញ្ញាណ៖ ពួកគេ​ឆាប់​ទទួល​បាន​ព័ត៌មាន​ដោយ​ការ​ពឹងផ្អែក​ទៅលើ​សោតវិញ្ញាណ ឬ​ត្រចៀក​ជា​ចម្បង។ ពួកគេ​ចូលចិត្ត​ស្ដាប់​គ្រូ​ពន្យល់ ការ​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ ជាជាង​នៅ​អង្គុយ​អាន​តួ​អក្សរ​ដ៏​ស្មុគស្មាញ​ទាំងនោះ។ បើ​អ្នក​រក​ឃើញ​ថា​ខ្លួន​អ្នក​ជា​អ្នក​សិក្សា​ប្រភេទ​នេះ ដូច្នេះ​សកម្មភាព​សិក្សា​ដូចជា​ចូលរួម​ក្រុម​សិក្សា​ណា​ដែល​អ្នក​អាច​ធ្វើ​បាន​ទាំង​ស្ដាប់​ការ​ចែក​រំលែក​គំនិត​ពី​អ្នក​ដទៃ និង​គំនិត​របស់​ខ្លួន​អ្នក​ផង​ដែរ ស្វែងរក​កន្លែង​រៀន​ស្ងប់ស្ងាត់​ដែល​អ្នក​អាច​អាន​លឺៗ​ឲ្យ​ខ្លួនឯង​ស្ដាប់ ឫ​បើ​កាន់តែ​ល្អ​ជាង​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​ថត​សំឡេង​របស់​ខ្លួន​រួច​ចាក់​ស្ដាប់​វា​ពេល​ក្រោយ​ទៀត​ក៏​បាន ដែល​សុទ្ធតែ​ជា​វិធី​រៀន​ដែល​ជួយ​ដល់​អ្នក​យ៉ាង​ខ្ពស់​បំផុត។


៣) អ្នក​សិក្សា​តាម​បែបអនុវត្តជាក់ស្តែង៖ រាល់​សកម្មភាព​សិក្សា​បែប​ណា​ដែល​ផ្ដល់​នូវ​ការ​អនុវត្ត​ជាក់ស្ដែង​ដល់​អ្នក​សិក្សា​ប្រភេទ​នេះ ពួកគេ​នឹង​ឆាប់​ទទួល​បាន​ចំណេះដឹង​បំផុត ដែល​ខុស​ពី​អ្នក​សិក្សា​ប្រភេទ​ទាំងពីរ​ខាងលើ​ដាច់​ស្រឡះ។ បើ​អ្នក​ពិតជា​ពឹងផ្អែក​ទៅលើ​កាយវិញ្ញាណ​របស់​អ្នក​ដើម្បី​ឲ្យ​ការ​រៀន​សូត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​មែន អ្នក​ត្រូវ​ចូល​រៀន​ក្នុង​បន្ទប់​សិក្សា​ណា​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​បន្ទប់​ពិសោធន៍ និង​សកម្មភាព​ដែល​ប្រើប្រាស់​មេរៀន​យក​មក​អនុវត្ត​ជាក់ស្ដែង ឬ​ក៏​អ្នក​រៀន​យក​វា​មក​ប្រើប្រាស់​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ក៏​បាន​ដែរ៕


ប្រែសម្រួល៖ ស្រីពៅ


ប្រភព៖ Bizkhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared