តើ​អ្នក​អាច​ធ្វើអ្វី​បាន​ខ្លះ​ជាមួយ​នឹង​សញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស ?

ផ្សាយចេញ ៖

ចម្ងល់​របស់​សិស្ស​ជា​ច្រើន​នៅ​តែ​មិន​ទាន់​ដាច់​ស្រឡះ​ថា​តើ​ពួកគេ​អាច​ធ្វើអ្វី​បាន​ខ្លះ​ជាមួយ​នឹង​សញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស​របស់​ខ្លួន ? កម្រិត​សញ្ញាប័ត្រ​អង់គ្លេស​ផ្ដល់​អាទិភាព​សំខាន់​ទៅលើ​ជំនាញ​សរសេរ​និង​ទំនាក់ទំនង​ជា​ចម្បង ម្យ៉ាង​ទៀត​ដោយសារ​ជំនាញ​នេះ​មិនមែន​ជា​ជំនាញ​បែប​វិជ្ជាជីវៈ សិស្ស​ជាច្រើន​បាន​លើកកម្ពស់​ឱកាស​ការងារ​ដែល​ល្អ​ប្រសើរ​សម្រាប់​ខ្លួន​តាមរយៈ​ការ​ស្វែងរក​បទពិសោធន៍​បន្ថែម​ទៅ​តាម​មជ្ឈដ្ឋាន​ការងារ​ដែល​ពាក់ព័ន្ធ ក្នុងនោះរួមមាន៖


១) ការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប​ដណ្ដប់​លើ​ការងារ​ទាំងអស់​រាប់ចាប់តាំងពី​អ្នក​ថតភាពយន្ត ​រហូត​ដល់​អ្នក​កាន់​ប៉ុស្តិ៍​ទូរទស្សន៍ អ្នកកាសែត​រហូត​ដល់​អ្នក​សរសេរ​ប្លុក​ព័ត៌មាន អ្នក​ផ្សព្វផ្សាយ​រហូត​ដល់​អ្នក​ទំនាក់ទំនង​អន្តរជាតិ​ជាដើម។


២) ការងារ​ផ្នែក​បោះពុម្ព​ផ្សាយ៖ អ្នក​អាច​ធ្វើការ​នៅ​ផ្នែក​បោះពុម្ព​ផ្សាយ​តាម​បែប​បុរាណ (traditional print publishing) ឬ​ផ្នែក​បោះពុម្ព​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​ដូចជា e-books និង​សារព័ត៌មាន​អេឡិចត្រូនិច (electronic journal) ហើយ​អ្នក​អាច​ត្រូវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​ដូចជា ផ្នែក​រដ្ឋបាល ផលិតកម្ម បទវិចារណកថា ទីផ្សារ ទំនាក់ទំនង​អន្តរជាតិ និង​ផ្នែក​លក់​ផង​ដែរ។ អ្នក​អាច​ធ្វើ​ជា​អ្នក​ហាត់ការ​នៅ​រោងពុម្ព​ណាមួយ ថែមទាំងត្រូវមាន​ចំណេះដឹង​អំពី​ការ​បោះពុម្ព​តាម​បែប​បុរាណ និង​ការ​បោះពុម្ព​តាម​ប្រព័ន្ធ​ឌីជីថល​ក្នុង​សម័យ​ទំនើប​នេះដែរ។


៣) ការងារ​ជា​គ្រូបង្រៀន​ ឬពាក់ព័ន្ធផ្នែក​អប់រំ៖ បើ​អ្នក​មាន​គោលដៅ​បម្រើការ​ជា​គ្រូបង្រៀន អ្នក​ចាំបាច់​ត្រូវ​មាន​គុណសម្បត្តិ​និង​បទពិសោធន៍​បន្ថែម។ យ៉ាងណាមិញ​សញ្ញាប័ត្រ​អក្សរសាស្ត្រ​អង់គ្លេស​នឹង​អាច​ជួយ​ពង្រីក​ចំណេះដឹង​ផ្នែកភាសា រួមទាំង​ជំនាញ​ទំនាក់ទំនង​ដល់​អ្នក​ផង​ដែរ។ អ្នក​អាច​​ស្វែងរក​បទពិសោធន៍​បង្រៀន ​ធ្វើការ​ជាមួយ​ក្មេងៗ​និង​យុវជន ឬ​ចូលរួម​ចំណែក​ទៅ​នឹង​គម្រោង​ស្រាវជ្រាវ​ផ្សេងៗ។


៤) ការងារ​ក្នុង​ផ្នែក​ច្បាប់៖ ការងារ​ផ្នែក​នេះ​តម្រូវ​ឲ្យ​អ្នក​មាន​ចំណាប់​អារម្មណ៍​ខ្លាំងក្លា​ទៅលើ​ប្រព័ន្ធ​ច្បាប់ និង​ព្រឹត្តិការណ៍​នយោបាយ និង​ការ​យល់ដឹង​ពាក់ព័ន្ធ​នឹង​ភាសា​ប្រើប្រាស់​ក្នុង​ផ្នែក​ច្បាប់ជាចាំបាច់។


៥) ការ​ធ្វើ​មុខ​ជំនួញ ឬ​គណនេយ្យករ ឬផ្នែក​ហិរញ្ញវត្ថុ៖ បើ​សិន​ជា​អ្នក​គិត​ថា​អ្នក​មាន​សមត្ថភាព​ទាំង​ផ្នែក​អក្សរ​និង​តួលេខ អ្នក​អាច​អភិវឌ្ឍ​ខ្លួនឯង​បន្ថែម​ដោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​បាន តែ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​មាន​ចំណេះដឹង​ជ្រៅជ្រះ​ផ្នែកគណិតវិទ្យា និងហិរញ្ញវត្ថុ​ជាមុន​សិន។ អ្នក​ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ធ្វើការ​ជាមួយ​តួលេខ មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​ក្នុង​សាលា ឬ​ធ្វើការ​ជា​ក្រុម យល់​ដឹង​ពី​ធាតុផ្សំ​សំខាន់ៗ​ក្នុង​វិស័យ​ជំនួញ​ដូចជា​ការ​លក់ បទពិសោធន៍​ផ្នែក​រដ្ឋបាល និង​ចំណាប់អារម្មណ៍​ក្នុង​ការ​យល់ដឹង​ពី​បម្រែបម្រួល​សេដ្ឋកិច្ច និង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន។


ប្រែសម្រួល៖ ស្រីពៅ


ប្រភព៖​​ bizkhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared