ហេតុអ្វី​​ យុវជន​​ត្រូវ​​តែ​រក​​ភាព​ខ្លាំង​ និង ​អ្វី​​ដែល​ខ្លួន​ពេញ​ចិត្ត​​​​​​ឲ្យ​ឃើញ​​​​​កាន់​តែ​ឆាប់​កាន់​តែ​​ល្អ​?

ផ្សាយចេញ ៖

ប្រ​ភព៖​​ pixabay.com

ស្វែងរក​​ភាព​ខ្លាំង​របស់​ខ្លួន​ឯង​ គឺ​ជា​ពាក្យ​ដែល​ងាយ​និយាយ​​ ​ងាយ​សរសេរ​ ​និង ​ងាយ​​​សូត្រ​​​ឲ្យ​ចាំ​មាត់​។ ប៉ុន្តែ​វា​ជា​​រឿង​ដែល​ពិបាក​ធ្វើ​​​​។ ដោយហេតុ​ថា វា​ពិត​ជា​មាន​ការ​លំបាក​បែប​នេះ​ហើយ ទើប​ធ្វើ​​​ឲ្យ​មនុស្ស​ជាច្រើន​ចំណាយ​ពេល​អស់​ជាច្រើន​ទម្រាំ​រក​ឃើញ​ ហើយ​អ្នក​ខ្លះ​ទៀត​​រស់​សឹង​ពាក់​កណ្ដាល​ជីវិត​របស់​ខ្លួន​​ទៅ​ហើយ​ នៅ​តែ​មិន​ទាន់​រក​ឃើញ​ទៀត​។ ​​ហេតុ​អ្វី​បាន​ជា​វា​ ​ពិបាក​បែប​នេះ? ​​តើ​គួរ​ធ្វើ​យ៉ាង​ណា​ទើប​ល្អ​ ​ហើយ​ហេតុអ្វី​បាន​ជា​យុវជន​គួរ​ព្យាយាម​រក​ភាព​ខ្លាំង​របស់​ខ្លួន​​​ឲ្យ​ឃើញ​​ ទាន់​ខ្លួន​នៅ​ក្មេង​?


​មាន​មនុស្ស​មិន​តិច​​នោះ​ទេ​ ​​ ​​ដែល​​​រៀន​​​ពី​ជំនាញ​មួយ​ទៅ​ជំនាញ​មួយ​ទៀត​ ​​ដោយ​មិន​ដឹង​ថា ខ្លួន​ឯង​​ខ្លាំង​ផ្នែក​អ្វី​​​ឲ្យ​ប្រាកដ​ ហើយ​​នៅ​ពេល​ចូល​ធ្វើ​ការ​​​​វិញ ​គឺ ​​​ចូល​ធ្វើ​ពី​​ផ្នែក​មួយ​ ហើយ​ក៏​​ផ្លាស់​​ទៅ​ផ្នែក​មួយ​​ផ្សេង​ទៀត​​​​​​យ៉ាង​លឿន​​ ព្រោះ​មិន​ដឹង​ថា ខ្លួន​ឯង​ខ្លាំង​ផ្នែក​អ្វី ​ហើយ​ចូលចិត្ត​អ្វី​​​ឲ្យ​ប្រាកដ​។ ​​​មនុស្ស​ភាគច្រើន​គឺ​ ​​ធ្លាប់​ឆ្លង​​កាត់​បទពិសោធន៍​បែប​នេះ​ ​​ដោយសារតែ​​ពួកគេ​ខ្វះ​ការ​ណែនាំ​ពី​គ្រួសារ​ ​​ឬ ​រៀមច្បង​ដែល​ធ្លាប់​ឆ្លងកាត់​​មុន​ ​ហើយ​​វា​ក៏​អាច​បណ្ដាល​​​​មក​​ពី​ពួកគេ​ខ្លួន​ឯង​ផ្ទាល់​ដែល​ ​​បណ្ដែតបណ្ដោយ​ពេលវេលា​​ឲ្យ​កន្លង​ផុត​ទៅ​ ដោយ​មិន​ខិតខំ​​​ព្យាយាម​ស្វែងរក​ភាព​ខ្លាំង​របស់​ខ្លួន​ឯង​​ឲ្យ​ឃើញ​។


​ដូច្នេះ​ហើយ ទាន់​ខ្លួន​នៅ​ក្មេង​អ្នក​ត្រូវ​តែ​ចំណាយ​ពេល​​​ឲ្យ​បាន​ច្រើន​ ដើម្បី​ស្វែងយល់​ពី​ខ្លួន​ឯង​​​។ ​ ​តម្រុយ​ដំបូង​បំផុត​នោះ ​អ្នក​គួរ​​ព្យាយាម​ឆ្លើយ​សំនួរ​មួយ​ចំនួន​ដូចជា៖

១)​តើ​អ្នក​ជា​នរណា​?

​​២) ខ្លួន​ឯង​ចូលចិត្ត​អ្វី​​ ​និង ចូលចិត្ត​ធ្វើ​អ្វី ​​ហើយ​កំពុង​ធ្វើ​អ្វី​​?

៣) ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ណា​?

៤​) តើ​អ្វី​ជា​សុបិន​របស់​អ្នក​?

​​​​​

​គ្រាន់​តែ​ឆ្លើយ​សំនួរ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ​អ្នក​ត្រូវ​តែ​​ព្យាយាម​ប្រឡូក​ក្នុង​សង្គម​ជាក់ស្ដែង​បន្ថែម​ទៀត​ដើម្បី​ផ្ទៀងផ្ទាត់​ ព្រោះ​ពេល​ខ្លះ​គ្រាន់​តែ​គិត​ គឺ​មិន​ទាន់​អាច​​យក​ជា​សាច់ការ​បាន​នៅ​ឡើយ​។ ​អ៊ីចឹង​ហើយ​ ​ត្រូវ​ចំណាយ​ពេល​ទៅ​​ចូល​រួម​ក្នុង​សង្គម​ ​តាមរយៈ​ការងារ​ស្ម័គ្រ​ចិត្ត​ ​សិក្ខាសាលា​ ​និង ​កម្មវិធី​សង្គម​ជាច្រើន​ទៀត។ ​ប្រឡូក​កាន់​តែ​ច្រើន​នោះ​អ្នក​នឹង​ដឹង​ច្បាស់​ថា ​ខ្លួន​ឯង​ខ្សោយ​អ្វី​ និង ខ្លាំង​អ្វី​​​ ​ហើយ​ចូលចិត្ត​អ្វី​​​ឲ្យ​ប្រាកដ​។ ​


​នៅ​ពេល​ដែល​អ្នក​ដឹង​ច្បាស់​ហើយ​ថា ខ្លួន​ឯង​ខ្លាំង​​ផ្នែក​អ្វី​ និង​ ចូលចិត្ត​​អ្វី​នោះ ​វា​នឹង​ជួយ​​​ឲ្យ​អ្នក​​​ឆាប់​ជោគជ័យ​​​ និង ​​រស់​នៅ​ប្រកបដោយ​ភាព​រីករាយ។ ​​ឆាប់​ជោគជ័យ​ ព្រោះ​អ្នក​កំពុង​ធ្វើ​ការងារ​មួយ​ដែល​ ​ត្រូវ​នឹង​ភាព​ខ្លាំង​ និង ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ ​​ជាក់​ស្ដែង​ ប្រសិន​បើ​អ្នក​ពូកែ​ខាង​ផ្នែក​ទំនាក់ទំនង​ ​​​ដូច្នេះ​ហើយ​ អ្នក​អាច​​ចូល​ធ្វើ​ការ​ជា​អ្នក ​ទីផ្សារ​ ឬ ផ្នែក​លក់​ ​អ្នកសារព័ត៌មាន ឬ ​​ការងារ​ផ្សេងៗ​ទៀត​ដែល​តម្រូវ​​​ឲ្យ​ជួប​មនុស្ស​ជាប្រចាំ​​។ ​ប៉ុន្តែ​បើ​​ខ្លាំង​ផ្នែក​ទំនាក់ទំនង​ ហើយ​​​​បែរ​ជា​ទៅ​ធ្វើ​ការ​ផ្នែក​​​​គណនេយ្យ​​​ដែល​មួយ​ថ្ងៃៗ​នៅ​តែ​ជាមួយ​កុំព្យូទ័រ និង ​​លិខិត​ចំណូល​​ចំណាយ​នោះ​​ ​វា​នឹង​ធ្វើ​​​ឲ្យ​ការងារ​របស់​អ្នក​មិន​អាច​ដំណើរការ​បាន​​​ល្អ​នោះ​ឡើយ​។

​​មួយ​វិញ​ទៀត​ វា​ជួយ​​ឲ្យ​អ្នក​​មាន​​ភាព​រីករាយ ព្រោះ​អ្នក​កំពុង​ធ្វើ​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ ដូច្នេះ​ហើយ​មិន​ថា​ការងារ​នោះ មាន​ការ​លំបាក​ប៉ុណ្ណា​ទេ​ ​អ្នក​នៅ​តែ​អាច​ញញឹម​បាន​ដដែល​ ​ព្រោះ​វា​ជា​អ្វី​ដែល​អ្នក​ពេញ​ចិត្ត។ ​និយាយ​រួម​ទៅ​ ក្នុង​​លោក​នេះ​វា​គ្មាន​ការងារ​ណា​មួយ​ដែល​​​មិន​មាន​ការ​លំបាក​នោះ​ទេ​ ប៉ុន្តែ សាក​ប្រៀបធៀប​គ្នា​ទៅ​មើល​ រវាង​ការងារ​ដែល​ខ្លួន​ពេញចិត្ត​ និង ការងារ​ដែល​ខ្លួន​មិន​ពេញចិត្ត​ ​ហើយ​អ្នក​អាច​ស៊ូ​ធ្វើ​បាន​យូរ​ជា​មួយ​ប្រភេទ​ការងារ​មួយ​ណា​ជាង​៕​


​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared