​លោក​ Robert Kiyosaki៖ ​មាន​វិធី​៨​យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​មាន តែ​មាន​​វិធី​១ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​បំផុត​​ក្នុង​នាម​ជា​មនុស្ស

ផ្សាយចេញ ៖

លោក​ Robert Kiyosaki​ ​​អ្នកនិពន្ធ​សៀវភៅ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»​​ ​បាន​​​​លើក​ឡើង​ថា ​មាន​វិធី​ចំនួន​៨​យ៉ាង​ ដើម្បី​​​​​​​ឲ្យ​មនុស្ស​យើង​អាច​ក្លាយ​ជា​អ្នក​មាន​បាន​។ ប៉ុន្តែ​​បើ​ទោះបី​ជា​មាន​វិធី​ច្រើន​​ក្នុង​​ការ​ក្លាយ​ជា​អ្នក​មាន​ក៏​ដោយ ​​តែ​មាន​វិធី​មួយ​ប៉ុណ្ណោះ​​​ដែល​អាច​ទុក​ថា​មាន​តម្លៃ​បំផុត​ក្នុង​នាម​ជា​មនុស្ស​​ម្នាក់​។


១) ​​រៀបការ​ជា​មួយ​​​​អ្នក​មាន​​ ដើម្បី​តែ​លុយ​៖ ​ប្រសិន​បើ​អ្នក​រៀបការ​ជាមួយ​អ្នក​មាន ​នោះ​អ្នក​ក៏​ក្លាយ​ជា​អ្នក​មាន​ដែរ​ ប៉ុន្តែ​​នេះ​​មិន​អាច​ចាត់​ទុក​ថា ​​វា​មាន​តម្លៃ​​នោះ​ទេ ​ព្រោះ​អ្នក​មាន​បាន​ដោយ​​មិន​បាន​ប្រើ​​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ឯង​។ ​​រឹត​តែ​អាក្រក់​ទៀត​នោះ ​គឺ​ថា ​អ្នក​​រៀបការ​ដើម្បី​តែ​ប្រាក់​ប៉ុណ្ណោះ ​ព្រោះ ​ខ្លួន​ចង់​​មាន​ដូច​គេ​ដែរ​​ ទើប​សម្រេច​ចិត្ត​រៀបការ​ ដោយ​មិន​បាន​ប្រឹងប្រែង​​​​ក្លាយ​ជា​អ្នក​មាន​ដោយ​ខ្លួន​ឯង​។


២) ​​ ​​ធ្វើ​អំពើ​អាក្រក់​​ (គ្រប់​វិធី​)​​ដើម្បី​ក្លាយ​ជា​អ្នក​មាន​៖ ​​​អ្នក​ខ្លះ​ព្រោះ តែ​ចង់​មាន​ បើ​ទោះបី​ជា​​ត្រូវ​​​​កេងប្រវ័ញ្ច​​ បោកប្រាស់​គេ​​ ​ឬ ត្រូវ​ធ្វើ​អំពើ​ខុសច្បាប់​យ៉ាង​​ណា​ក៏​ដោយ​ ​ក៏​នៅ​តែ​​ធ្វើ​។ ប៉ុន្តែ​​ក្លាយ​ជា​អ្នក​មាន​ដោយសារតែ​អំពើ​អាក្រក់​ទាំង​នោះ​​ វា​ពិត​ជា​គ្មាន​តម្លៃ​​នោះ​ទេ ​ហើយ​​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ធ្លាក់​ខ្លួន​មក​វិញ ​ដោយ​ងាយ​បំផុត​ ​តាមរយៈ​​ផ្លូវច្បាប់​ ឬ ការ​សងសឹក​ពី​មនុស្ស​ដែល​ធ្លាប់​រង​ការ​ឈឺចាប់​ពី​អ្នក​។​


៣) ​មាន​​ដោយសារ​មរតក​​​ពី​ឪពុក​ម្ដាយ​៖ ​ប្រសិន​បើ​ឪពុក​ម្ដាយ​របស់​អ្នក​​ ជា​​មនុស្ស​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ ប្រាកដ​ណាស់​ថា អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ដែរ​មិន​ខាន​ ​ព្រោះ ឪពុក​ម្ដាយ​នឹង​ប្រគល់​មរតក​ជាច្រើន​ដល់​ខ្លួន ដូច​ជា​​លុយ ​ផ្ទះ​ ​និង ក្រុមហ៊ុន​ជាដើម​។ ប៉ុន្តែ​​ ​បើ​ទោះបី​ជា​ វា​មិន​មែន​ជា​អំពើ​ខុស​ច្បាប់ ឬ​អាក្រក់​ក៏​ដោយ​​ ប៉ុន្តែ សម្រាប់​​លោក​ Robert Kiyosaki​ ​​​​ចាត់​ទុក​ថា វា​នៅ​តែ​មិន​ទាន់​មាន​តម្លៃ​គ្រប់គ្រាន់​នោះ​ឡើយ​​។


៤) ​​ត្រូវ​ឆ្នោត​៖ ​អ្នក​ខ្លះ​​ដោយសារតែ​មាន​សំណាង​ល្អ ក៏​ត្រូវ​ឆ្នោត​លេខ​ធំ​​ហើយ​ក៏​មាន​លុយ​ច្រើន​​​តែ​ម្ដង​។ ប៉ុន្តែ​​​មាន​បាន​ដោយ​សារ​​តែ​​ឆ្នោត​ គឺ​មិន​អាច​ធានា​អំពី​អនាគត​របស់​អ្នក​បាន​​ឡើយ​ ព្រោះ​ឆាប់​មាន​ ហើយ​ក៏​ឆាប់​ក្រ​វិញ​ដែរ​ ជា​ពិសេស​​មនុស្ស​ដែល​​មិន​ទទួល​បាន​ការ​អប់រំ​​ត្រឹមត្រូវ​​លើ​ផ្នែក​ហិរញ្ញវត្ថុ​។ ​អ៊ីចឹង​ហើយ​បាន​ជា ចំណុច​នេះ​​នៅ​តែ​​​មិន​ទាន់​មាន​តម្លៃ​គ្រប់គ្រាន់​​។


៥) ​​មាន​ដោយ​សារ​តែ​​​​ល្បីឈ្មោះ​ (ជា​តារា)​​៖ ​​​លោក​ Robert Kiyosaki​ ​​​​​​ចាត់​ទុក​ថា ចំណុច​នេះ​មិន​មែន​ជា​ចំណុច​អាក្រក់​​ណាស់ណា​នោះ​ទេ​ ប៉ុន្តែ​ក៏​មិន​ទាន់​ជា​ចំណុច​ល្អ​នៅ​ឡើយ​ ព្រោះ​បើ​មាន​ដោយ​សារ​​តែ​​ឆាប់​​ឡើង​​ល្បីឈ្មោះ​​នោះ ​​​​​​​​ថ្ងៃ​​ណា​មួយ​​ប្រាកដ​ជា​​​​ធ្លាក់​ខ្លួន​វេទនា​វិញ​មិន​ខាន​ បើ​​មិន​មាន​​​កា​ប្រុងប្រយ័ត្ន ​និង រៀប​ហិរញ្ញវត្ថុ​​​ឲ្យ​បាន​​ល្អ​។ ​​ដូច​ដែល​បាន​ដឹង​ហើយ​ថា ​មាន​តារា​ល្បី​ៗ​​មួយ​ចំនួន​​ ​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ក្រ​វិញ​ផង​ដែរ​ ​ដោយសារ​មូលហេតុ​ផ្សេងៗ​គ្នា​។ ​


៦) ​មាន​ដោយសារ​ភាព​​លោភលន់​៖ មាន​មនុស្ស​មួយ​ចំនួន​លោភលន់​ខ្លាំង​​ណាស់​ ជា​ពិសេស​មួយ​ថ្ងៃ​​​ៗ​គិត​តែ​រឿង​ចំណេញ​​ ​បើ​ទោះបី​ជា​ខ្លួន​ឯង​មិន​សូវ​ប្រឹងប្រែង​អ្វី​ក៏​ដោយ​។ ​​​ភាព​​​លោភលន់​​របស់​មនុស្ស​ អាច​នឹង​​​ផ្ដល់​ប្រយោជន៍​ក្នុង​រយៈពេល​ខ្លី​ប៉ុន្តែ​​វា​នឹង​បំផ្លាញ​ពួកគេ​វិញ​នៅ​ពេល​​ខាង​មុខ​។ ​​​​


​៧) ​​​​​មាន​​ដោយសារតែ​​ភាព​គម្រិះ​​​៖ ​​​​​អ្នក​ខ្លះ​​​​​​ ​​មិន​សូវ​ចាយវាយ​​ច្រើន​នោះ​ទេ​ ព្រោះ ខ្លាច​​ធ្លាក់ខ្លួន​ក្រ​​ ​ប៉ុន្តែ ​ភាព​​គម្រិះ​​នេះ ​មិន​អាច​ធ្វើ​​​ឲ្យ​អ្នក​​យក​លុយ​ដែល​ខ្លួន​មាន​ស្រាប់​​នោះ​​ទៅ​បង្កើត​ជា​លុយ​ទៀត​នោះ​ទេ​ ព្រោះ​ខ្លាច​នេះ​ខ្លាច​នោះ​​ ​​ហើយ​សូម្បី​តែ​ការ​ហូបចុក​វិញ ​​គឺ​រឹតតែ​និយាយ​លែង​ចេញ​​ ។ ​​មាន​​ដោយសារតែ​​​មិន​ហ៊ាន​ចាយ​​នេះ​​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ឡើយ។


៨) ​​មាន​ដោយសារតែ​ពូកែ​ផ្នែក​​ហិរញ្ញវត្ថុ​​៖​ ​​អ្នក​មាន​ពិត​ប្រាកដ​ ​​គឺ​ជា​មនុស្ស​ដែល​ពូកែ​​ប្រើប្រាស់​លុយ​ ហើយ​​យក​លុយ​ទៅ​បង្កើត​លុយ​​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែមទៀត​។ គេ​អាច​​ធ្វើ​ជំនួញ ឬ ​ទិញ​ចលនទ្រព្យ ឬ វិនិយោគ​​​លើ​គម្រោង​ផ្សេងៗ​ ​ដូច្នេះ​ហើយ​​​​​​ ​លុយ​ដែល​ចំណាយ​​នោះ ​នឹង​​ចេញ​ផ្លែផ្កា​​ជា​លុយ​យ៉ាង​ច្រើន​ទៀត​។ ​​ភាព​វៃ​ឆ្លាត​ក្នុង​ការ​ប្រើប្រាស់​លុយ​នេះ​ហើយ ​​នឹង​ធ្វើ​​​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន ​​ហើយ​​សម្រាប់​​​លោក​ Robert Kiyosaki ​ចាត់​ទុក​ថា ​វា​ជា​ជម្រើស​ដ៏​មាន​តម្លៃ​បំផុត​ ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​៕


​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared