ចង់ដុសខាត់សមត្ថភាពប្រើប្រាស់ភាសា ចាំបាច់ទាល់តែមានគ្រូមែនទេ ?

ផ្សាយចេញ ៖

មនុស្ស​ម្នាក់ៗ​រស់នៅ​ក្នុង​សង្គម​រួម​មួយ​មិន​អាច​ចៀស​ផុត​ឡើយ​ពី​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក។ ដើម្បី​អាច​ធ្វើ​ទំនាក់ទំនង​ជាមួយ​គ្នា​បាន មនុស្ស​ចាំបាច់​ត្រូវ​យល់​ពី​អ្វី​ដែល​ភាគី​ម្ខាង​ទៀត​ចង់​បង្ហាញ ដូច្នេះ​ហើយ​បាន​ជា​ភាសា​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ក្នុង​គោលដៅ​ដ៏​សំខាន់​មួយ​នេះ​ដែល​ជា​តម្រូវការ​មូលដ្ឋាន​នៃ​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស។


បើ​និយាយ​ពី​ភាសា​មួយ តួយ៉ាង​ភាសា​អង់គ្លេស បង្ក​ឡើង​ដោយ​ធាតុផ្សំ​ជាច្រើន ដែល​តាម​យើង​ជា​អ្នក​សិក្សា​ធ្លាប់​ដឹង​មក​ជាទូទៅ​នោះ​មាន រចនាសម្ព័ន្ធ​នៃ​វេយ្យាករណ៍​ដ៏​ស្មុគស្មាញ​ជាច្រើន​ទម្រង់ ដែល​នៅ​ក្នុង​វេយ្យាករណ៍​នោះ​មាន​បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​ទៀត​ទៅ​តាម​កាល (អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល)។ បើ​វាក្យសព្ទ​ឬ​ពាក្យ​ប្រើប្រាស់​របស់​ភាសា​អង់គ្លេស​នេះ​វិញ ក៏​មាន​បែងចែក​ផ្សេងៗ​ពី​គ្នា​ផ្អែក​ទៅ​តាម​តំបន់​នីមួយៗ កាលៈទេសៈ​នីមួយៗ មានន័យ​ថា​មាន​ទាំង​ពាក្យ​សម្រាប់​ប្រើប្រាស់​តាម​តំបន់ មាន​ទាំង​ពាក្យ​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ផង​ដែរ។


លក្ខណៈ​ទូលំទូលាយ និង​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ​របស់​ភាសា​នេះ​ហើយ ទើប​បាន​ជា​ក្នុង​ការ​មាន​បំណង​ចង់​សិក្សា​ភាសា​ទី២ ដែល​មិន​មែន​ជា​ភាសា​ដើម​កំណើត​របស់​យើង អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួនឯង​ជាមុន​នោះ​គឺ “តើ​អ្វី​ជា​គោលបំណង​ជាក់លាក់​របស់​អ្នក​ក្នុង​ការ​សិក្សា​ភាសា​មួយ​នេះ ?” ។ នៅ​ពេល​អ្នក​ស្គាល់​ច្បាស់​ពី​គោលបំណង​នៃ​ការ​សិក្សា​ពី​ភាសា​ណាមួយ មុន​ពេល​ចាប់ផ្ដើម​សិក្សា​ពី​វា នោះ​អ្នក​នឹង​ដឹង​ថា​តើ​គួរ​រៀន​បែប​ណា​ទើប​អាច​តម្រង់​ឲ្យ​ដល់​គោលដៅ ដោយ​ចំណាយ​ពេលវេលា​យ៉ាង​ឈ្លាសវៃ និង​ទទួល​ផល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។


ម្យ៉ាងវិញទៀត ការ​សិក្សា​ភាសា​ក៏​មិន​ចាំបាច់​ថា​ត្រូវ​ទៅ​បង្កើន​ចំណេះដឹង​នេះ​ពី​សាលា​មាន​គ្រូបង្រៀន​អ្វី​នោះ​ដែរ ព្រោះ​ថា​ចំណេះដឹង​មាន​នៅ​ជុំវិញ​ខ្លួន​អ្នក សំខាន់​ឲ្យ​តែ​យល់​ច្បាស់​ថា​អ្វី​ជា​គោលបំណង​របស់​អ្នក​ក្នុង​ការ​រៀន​ភាសា​មួយ​នេះ។ ចុះ​បើ​មិន​ទៅ​សាលា​ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ភាសា​នេះ​ទេ តើ​តាម​វិធី​ណា​វិញ​ទើប​អ្នក​សិក្សា​ក៏​អាច​ដុសខាត់​សមត្ថភាព​ភាសា​របស់​ខ្លួន​ឲ្យ​ដល់​កម្រិត​ស្ទាត់​ជំនាញ​បាន ?


១) មើល​ឃើញ​ប្រយោជន៍​ទទួល​បាន​ពី​ការ​ស្ដាប់​ច្រើន៖ តើ​គោលដៅ​របស់​អ្នក​ក្នុង​ការ​សិក្សា​ភាសា​គឺ​ដើម្បី​ប្រើប្រាស់​ក្នុង​លក្ខណៈ​ជា​ផ្លូវការ​ដូចជា​ការ​ទូត ឬ​ជា​ការ​សន្ទនា​ជាមួយ​អតិថិជន​បរទេស​ក្នុង​កិច្ចការ​ជំនួញ​របស់​អ្នក ? ប្រភព​ដែល​ជួយ​ដុសខាត់​សមត្ថភាព​ស្ដាប់​របស់​អ្នក​ដ៏​សំខាន់​មាន វិទ្យុ podcast រឿង​ភាគ (ព្យាយាម​ស្ដាប់​ដោយ​មិន​មាន​បកប្រែ subtitle) ចម្រៀង​ជាដើម។


២) ចេះ​ចោទ​ឆ្ងល់​សំណួរ​ឲ្យ​បាន​ច្រើន៖ គឺ​ភាព​ងឿង​ឆ្ងល់​នេះ​ហើយ​ដែល​ជា​ប្រភព​កកើត​នូវ​ចំណេះដឹង។ បើ​អ្នក​គ្រាន់តែ​រៀន​តាម ថា​តាម និង​អនុវត្ត​តាម​តែ​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល ឬ​ពីរ​ក្បាល​ដែល​អ្នក​កំពុង​សិក្សា ដោយ​មិន​បាន​ស្រាវជ្រាវ​ដាក់​សំណួរ​សួរ​ត​បន្ថែម​ថា​មក​ពី​ហេតុអ្វី​បាន​ជា​វា​បែប​នេះ ? ឬ​បែប​នោះ ? ចុះ​បើ​បែប​នេះ​តើ​វា​ទៅ​ជា​ដូចម្ដេច​វិញ ? នោះ​វា​ប្រៀប​បាន​ទៅ​នឹង​អ្នក​ដាក់​ដែន​កំណត់​ឲ្យ​ខ្លួនឯង​ក្នុង​ការ​រុញច្រាន​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​ផុត​មួយ​ដូច្នោះ។ កុំ​ភ្លេច​ថា​ត្រូវ​ចេះ​គិត​ក្រៅ​ប្រអប់។


៣) ការ​ហ្វឹកហាត់​ជំរុញ​ឲ្យ​មាន​ភាព​ល្អឥតខ្ចោះ៖ អ្នក​មិន​អាច​ឃុំឃាំង​ខ្លួនឯង​នៅ​ក្នុង​បន្ទប់​មួយ​កន្លែង រៀន​សូត្រ​តែ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នោះ​ទេ។ មិន​សំខាន់​នៅ​ត្រង់​ថា​អ្នក​បាន​រៀន​ពី​សៀវភៅ​ច្រើន​ប៉ុណ្ណា សៀវភៅ​នោះ​ល្អ​កំពូល​ប៉ុណ្ណា បើ​អ្នក​មិន​ដឹង​ថា​ត្រូវ​យក​ចំណេះដឹង​ទាំងនោះ​មក​អនុវត្ត​ជាក់ស្ដែង​ដូចម្ដេច ពេលវេលា​និង​ការ​ខិតខំ​ទាំង​ប៉ុន្មាន​នឹង​ប្រែ​ក្លាយ​ជា​ឥត​ប្រយោជន៍​មិន​ខាន។ រៀន​ចេញ​ទៅ​ក្រៅ​បង្កើត​បរិយាកាស​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​សន្ទនា​ជាមួយ​អ្នក​ដែល​និយាយ​ភាសា​ដែល​អ្នក​កំពុង​រៀន ឬ​ក៏​ចូល​ជា​សមាជិក​ក្រុម​ជជែក​វែកញែក​ដេញដោល​ទៅលើ​ប្រធានបទ​ណាមួយ​ក្នុង​ភាសា​ដែល​អ្នក​កំពុង​រៀន៕


ប្រែសម្រួល៖ ស្រីពៅ


ប្រភព៖ skillsyouneed & babbel

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared