សម្រាប់អ្នករៀនមិនចេះដោយការទន្ទេញ ទាំងនេះគឺជាវិធីសាស្ត្ររៀនសូត្រចំនួន៤ដែលមានប្រសិទ្ធភាពបំផុត

ផ្សាយចេញ ៖

ខួរក្បាល​មនុស្ស​គ្រប់​គ្នា ថ្វីត្បិតតែ​ទម្ងន់​៣​ផោន​ដូច​គ្នា​មែន ប៉ុន្តែ​ការ​ពិត​មួយ​នេះ​មិនមែន​អាច​ទាញ​ទៅ​រក​សេចក្ដី​សន្និដ្ឋាន​ពិត​មួយ​ថា វិធី​ដែល​មនុស្ស​ម្នាក់ៗ​ទទួល​យក​ចំណេះដឹង​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ក៏​ដូច​គ្នា​ដែរ​នោះ​ទេ។ មាន​កត្តា​ជាច្រើន​ដែល​បង្ហាញ​ថា មនុស្ស​ម្នាក់​ចេះ​ដោយ​ការ​ទន្ទេញ​ចាំ​មាត់ តែ​វិធី​ដដែល​នេះ​បែរ​ជា​មិន​អាច​មាន​ប្រសិទ្ធភាព​ទៅលើ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន។ ភាព​ខុស​គ្នា​មាន​នៅ​ក្នុង​រចនាសម្ព័ន្ធ​ខួរក្បាល​មនុស្ស កត្តា​ស្ថានភាព​គ្រួសារ កត្តា​ហ្សែន បរិយាកាស​សង្គម និង​កត្តា​សំខាន់ៗ​ផ្សេង​ជាច្រើន​ទៀត។ តើ​មិន​ល្អ​ទេ​ឬ ប្រសិន​ជា​វិធីសាស្ត្រ​រៀន​សូត្រ​ចំនួន​៤​ខាងក្រោម​អាច​កែប្រែ​ដំណើរ​ជីវិត​រៀន​សូត្រ​របស់​អ្នក ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បាន ?


១) ការ​ស្រមើស្រមៃ​ច្នៃប្រឌិត៖ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ដែរ​ទេ​ថា អ្វី​ដែល​ទាក់ទាញ​អ្នក​ឲ្យ​ជក់ចិត្ត​ចាប់​អារម្មណ៍​បំផុត តែងតែ​ដក់​ជាប់​នៅ​ក្នុង​ការ​ចងចាំ​របស់​អ្នក​បាន​ក្នុង​រយៈពេល​យូរ ? ចុះ​ហេតុអ្វី​មិន​ទាញ​យក​ប្រយោជន៍​មួយ​នេះ​របស់​ខួរក្បាល​មក​ប្រើប្រាស់ ដើម្បី​ឲ្យ​ដំណើរការណ៍​រៀន​សូត្រ បឺត​ស្រូប​យក​ចំណេះដឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ? អ្នក​អាច​ប្រើ​ការ​ច្នៃប្រឌិត​របស់​អ្នក ស្រមើស្រមៃ​ជា​រូបភាព​នូវ​អ្វី​ដែល​អ្នក​ទើប​នឹង​រៀន​ហើយ ដោយ​គូរ​រូបភាព​វា​ចេញ​មក ឬ​គូរ​ដ្យាក្រាម ហើយ​ប្រើប្រាស់​ប៊ិច​ពណ៌​ផ្សេងៗ​ចម្រុះ​គ្នា​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ នោះ​អ្នក​ក៏​នឹង​ងាយ​ចងចាំ​វា​ទុក​ដែរ។


២) ប្រើប្រាស់​ន័យ​ប្រៀបធៀប៖ ចំណេះដឹង​ថ្មី​អាច​នឹង​មាន​ភាព​ស្មុគស្មាញ និង​បង្ក​ជា​ការ​លំបាក​ដល់​អ្នក​ក្នុង​ការ​ចងចាំ​វា។ ដូច្នេះ​បើ​សិន​ជា​អ្នក​ផ្សារ​ភ្ជាប់​អ្វី​ដែល​ថ្មី​សម្រាប់​អ្នក​ទៅ​នឹង​ចំណេះដឹង​ណា​ដែល​អ្នក​មាន​ស្រាប់​រួច​មក​ឲ្យ​មាន​ទំនាក់ទំនង​គ្នា ដោយ​ស្វែងរក​លក្ខណៈ​ដូច​គ្នា​ណាមួយ​យក​មក​ប្រដូច​គ្នា។ ទំនាក់ទំនង​ច្នៃប្រឌិត​បែប​នេះ​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ខួរក្បាល​អ្នក ក្នុង​ការ​រក្សា​ទុក​ទិន្នន័យ។


៣) បង្កើត​ទំនាក់ទំនង​ជា​សាច់​រឿង៖ អ្នក​ដែល​ពូកែ​ចងចាំ​មួយ​ចំនួន មិនមែន​មក​ពី​ពួកគេ​ឆ្លាត​ជាង​អ្នក​នោះ​ទេ តែ​មក​ពី​ពួកគេ​ចេះ​ប្រើប្រាស់​វិធីសាស្ត្រ​រៀន​សូត្រ​ដ៏​ប្លែក​ពី​គេ​មួយ​នេះ​ឯង។ ឧទាហរណ៍​ថា​អ្នក​ទើប​នឹង​រៀន​ពាក្យ​អង់គ្លេស​ថ្មីៗ​បាន​ចំនួន​៥ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ព្យាយាម​រក​នូវ​ទំនាក់ទំនង​រវាង​ពាក្យ​ទាំង​៥​នោះ ច្នៃប្រឌិត​គំនិត​អ្វី​ដែល​ខុស​ស្រឡះ​ពី​គ្នា​មក​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ហើយ​បង្កើត​ជា​ខ្សែ​រឿង​មួយ​ដែល​កើត​ចេញ​ពី​ពាក្យ​ខុស​គ្នា​ទាំង៥។ លទ្ធផល​អ្នក​អាច​នឹង​ឆ្ងល់​ថា​ហេតុអ្វី​អ្នក​អាច​ចងចាំ​នូវ​អ្វី​ដែល​ខ្លួនឯង​ធ្លាប់តែ​គិត​ថា​មិន​អាច​ទៅ​រួច​សោះ។ ទំនាក់ទំនង​កាន់តែ​ចម្លែក​ប៉ុណ្ណា អ្នក​នឹង​កាន់តែ​ពិបាក​នឹង​ភ្លេច​វា​ប៉ុននោះ។


៤) គិត​ថា​អ្នក​នឹង​ពន្យល់​វា​ទៅ​ក្មេង​អាយុ​៥​ឆ្នាំ​យ៉ាង​ដូចម្ដេច ? ៖ នៅ​ពេល​អ្នក​គិត​ថា​តើ​ត្រូវ​ពន្យល់​គំនិត​ស្មុគស្មាញ​មួយ​ទៅ​កាន់​ក្មេង​អាយុ​៥​ឆ្នាំ​បែប​ណា ដើម្បី​ឲ្យ​ក្មេង​នោះ​អាច​យល់​បាន នោះ​វា​នឹង​ជំរុញ​អ្នក​ឲ្យ​ចេះ​បំបែក​ភាព​ស្មុគស្មាញ​នៅ​ក្នុង​គំនិត​អ្វី​មួយ​ឲ្យ​ទៅ​ជា​ងាយស្រួល​ក្នុង​ការ​យល់ នោះ​អ្នក​ក៏​អាច​នឹង​ងាយ​ចងចាំ​ផង​ដែរ៕


ប្រែសម្រួល៖ ស្រីពៅ


ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared